05/10/2018 - 10:39

លក្ខណៈ​មួយ​ចំ​នួន​នៃ​ពិ​ធី​បុណ្យ​សែន​ដូន​តា

បុណ្យ​សែន​ដូន​តា (បុណ្យ​ភ្ជុំ​បិណ្ឌ)​ គឺ​ជា​បុណ្យ​ប្រ​ពៃ​ណី​សាស​នា​ប្រ​ចាំ​ឆ្នាំ​ដ៏​ធំ​មួយ​របស់​ជន​រួម​ជាតិ​ខ្មែរ​ ត្រូវ​បាន​ប្រា​រព្ធ​ឡើង​ក្នុង​លក្ខណៈ​ជា​ពិ​ធី​បុណ្យ​គោ​រព​ ឧទ្ទិស​ភាគ​ផល​ជូន​ដួង​វិញ្ញា​ណក្ខន្ធ​របស់​បុព្វ​កា​រី​ជន​ ដែល​ធ្វើ​កាល​កិ​រិ​យា​ទៅ​កាន់​បរ​លោក​នាយ​និង​ស្តែង​ឡើង​នូវ​លក្ខណៈ​មនុស្ស​ធម៌ អប់រំ​យ៉ាង​ជ្រាល​ជ្រៅ ផ្សារ​ភ្ជាប់​ជា​មួយ​ពុទ្ធ​និ​យម​។ រដូវ​បុណ្យ​សែន​ដូន​តា ជា​ធម្ម​តា​ត្រូវ​ប្រា​រព្ធ​ក្នុង​អំ​ឡុង​ពេល​១៥​ថ្ងៃ (ទៅ​តាម​លក្ខណៈ​និ​យម​ឬ​ទៅ​តាម​តំ​បន់​ ភូមិ​ស្រុក​នី​មួយ​ៗ​) គឺ​ចាប់​តាំង​ពី​ថ្ងៃ​១​រោច​ រ​ហូត​ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្រ​បទ​ជា​រៀង​រាល់​ឆ្នាំ​។

ថា្វយ​ភត្ត​ដល់​ព្រះស​ង្ឃ​វត្ត​សំ​រេា​ង​ឯក​​ក្នុ​ងឱ​កាស​បុណ្យ​សែន​ដូតា​។

នៅ​ក្នុង​ពិ​ធី​បុណ្យ​សែន​ដូន​តា ជន​រួម​ជាតិ​ខ្មែរ​មិន​ត្រឹម​តែ​នាំ​យ​​ក​នូវ​ទេយ្យ​ទាន​ទៅ​វត្ត​ប្រគេន​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​និ​មន្ត​ព្រះ​សង្ឃ​​មក​ទទួល​ភត្ត​នៅ​ឯផ្ទះ​ទៀត​ផង​។ ការ​ដែល​នាំ​យក​នូវ​ទេយ្យ​ទាន​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​ ពី​ព្រោះ​ជន​រួម​ជាតិ​ខ្មែរ​ជា​អ្នក​កាន់​ពុទ្ធ​សា​ស​នា មាន​ជំ​នឿ​ជឿ​ជាក់​ថា បើ​ចង់​ឲ្យ​បុព្វ​កា​រី​ជន​ បាន​ទទួល​នូវ​ឥធម​នុញ្ញ​ផល គឺ​ចាំ​បាច់​ត្រូវ​តែ​ប្រ​គេន​ព្រះ​សង្ឃ​ រួច​ព្រះ​សង្ឃ​អ​នុ​មោទ​នា​ទាន ឧទ្ទិស​ភាគ​ផល​ដល់​ដួង​វិញ្ញា​ណក្ខន្ធ​របស់​លោក​អ្នក​ដែល​ខ្លួន​ចង់​ឧទ្ទិស​បញ្ជូន​ទៅ​សូម​ឲ្យ​ដួង​វិញ្ញា​ណក្ខន្ធ​របស់​លោក​អ្នក​ទាំង​នោះ​បាន​ទទួល​នូវ​គំ​នរ​បុណ្យ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សុទ្ធ​ចិត្ត​ និង​ដោយ​ការ​គោ​រព​ពី​សំ​ណាក់​កូន​ចៅ​។

ជន​រួម​ជាតិ​ខ្មែរ​មាន​ជំ​នឿ​ថា ក្រៅ​ពី​ពិ​ភពវិជ្ជ​មាន នៅ​មាន​ភព​អ​ទិស្ស​មាន​កាយ​ទៀត​ផង​ មនុស្ស​គ្រាន់​តែ​ស្លាប់​បាត់​បង់​ខាង​រូប​កាយ​តែ​ប៉ុណ្ណោះ រីឯ​ព្រ​លឹង​វិញ្ញា​ណ្ខន្ធ​នៅ​តែ​ឋិត​ថេរ​ជា​និច្ច​ ហេតុ​នោះ មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​តែង​ទៅ​កើត​ក្នុង​ភព​ផ្សេង​ៗ​គ្នា ទៅ​តាម​កម្ម​ផល​របស់​ខ្លួន​ដែល​បាន​សាង​ ខ្លះ​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​ ខ្លះ​ទៅ​កើត​ក្នុង​ស្ថាន​នរក ប្រេត​ជា​ដើម​។ ទាក់​ទិន​ទៅ​នឹង​ប្រ​វត្តិ​បុណ្យ​សែន​ដូន​តា​នេះ​ដែរ ក្នុង​គម្ពីរ​តិ​រោ​កុឌ​សូត្រ​ បាន​ប​រិ​យាយ​អំ​ពី​ញាតិ​របស់​ព្រះ​បាទ​ពិម្ពិ​សារ​ ដែល​បំ​ពេញ​ទាន​មិន​បរិ​សុទ្ធ​ មាន​ទំ​ពា​ស៊ី​ទេយ្យ​ធម៌​ដោយ​ខ្លួន​ឯង​ខ្លះ ឲ្យ​កូន​ៗ​ខ្លះ និង​យក​ភ្លើង​ដុត​រោង​ទាន​ជា​ដើម​លុះ​លា​​ចាក​លោក​នេះ​ក៏​ទៅ​​កើត​ជា​“ប្រេត​” ។

ដាក់​បាត្រ​ក្នុង​ឱ​កាស​បុណ្យ​សែន​ដូតាពុទ្ធ​ប​រិ​ស័ទ​នៅ​វត្ត​សំ​រោង​ឯក។

                             

ពុទ្ធ​ប​រិ​ស័ទ​វេរ​ភត្ត​ប្រ​គេន​ព្រះ​សង្ឃ​នៅ​វត្ត​សំ​រោង​ឯក​។

ពិធី​ដងែ្ហ​បាយ​បិណ្ឌ​ជំ​ុវិញ​ព្រះ​វិ​ហារ​ ។

មាន​សេច​ក្តី​ដំ​ណាល​ថា៖ កាល​កន្លង​ទៅ​មួយ​ពុទ្ធ​ន្តរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​នៃ​យើង​ក៏​ឧបត្តិ​ឡើង​ក្នុង​លោក​។ ព្រះ​បាទ​ពិម្ពិ​សារ​បាន​ចូល​ទៅ​គាល់​អា​រា​ធ​នា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដើម្បី​ទ​ទួល​ភត្តា​ហារ ពេល​ដែល​ថ្វាយ​ទាន​ដល់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ ព្រះ​បាទ​ពិម្ពិ​សារ​មិន​បាន​ឧទ្ទិស​ដល់​ពួក​ញាតិ​ណា​ឡើយ​។ ពួក​ប្រេត​ទាំង​នោះ​ក៏​អស់​សង្ឃឹម លុះ​ដល់​ពេល​កណ្តា​អា​ធ្រាត្រ​ ទើប​នាំ​គ្នា​បន្លឺ​សម្លេង​គួរ​ឲ្យ​ខ្លាច​យ៉ាង​ក្រៃ​លែង​នៅ​ក្បែរ​ព្រះ​រាជ​និវេសន៍​។ ព្រះ​រា​ជា​មាន​ព្រះ​រាជ​ហឫ​ទ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង​ព្រឹក​ឡើង​ក៏​ក្រាប​ទូល​រឿង​នោះ​ចំ​ពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា៖ ម​ហា​បពិត្រ​សម្លេង​កាល​ពី​យប់​មិញ​នោះ គឺ​ជា​សម្លេង​របស់​ពួក​ប្រេត​ដែល​ជា​ញាតិ​របស់​ម​ហា​បពិត្រ​ដែល​កើត​ជា​ប្រេត​ ពួក​ប្រេត​ទាំង​នោះ​បាន​ត្រាច់​ទៅ​អស់​មួយ​ពុទ្ធ​ន្តរ​ហើយ​ដោយ​សេចក្តី​​សង្ឃឹម​ចំ​ពោះ​មហា​បពិត្រ​ថា កាល​ទ្រង់​ថ្វាយ​ទាន​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ម​ហា​ប​ពិត្រ​ទ្រង់​នឹង​ឧទ្ទិស​ចំ​ណែក​បុណ្យ​នេះ​ដល់​ពួក​គេ ព្រះ​រា​ជា​ទ្រង់​ជ្រាប​ដូច្នោះ​ក៏​ក្រាប​ទូល​ថា​ប​ពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន​ សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​មេត្តា​អនុ​គ្រោះ​ទទួល​នូវ​ភត្តា​ហា​ររបស់​ខ្ញុំ​ព្រះ​អង្គ​ក្នុង​ថ្ងៃ​នេះ​។ ពេល​ថ្វាយ​ទាន​ ព្រះ​រាជា​ទ្រង់​ច្រូច​ទឹក​ទក្ខិ​ណោ​ទក​រួច​ឧទ្ទិស​ថា​សូម​ទាន​នេះ​ចូល​មាន​ដល់​ពួក​ញាតិ​របស់​យើង​។ រំ​ពេច​នោះ​ឯង ពួក​ប្រេត​ទាំង​នោះ​ក៏​បំ​បាត់​បាន​នូវ​សេច​ក្តី​ក្រ​វល់​ក្រ​វាយ​ សេចក្តី​លំ​បាក​ ស្រេក​ឃ្លាន​ មាន​ពណ៌​សម្បុរ​ដូច​មាស មាន​ឥន្រ្ទី​ស្រស់​ថ្លា​ពេញ​លេញ ... សម្បត្តិ​ទាំង​ឡាយ​របស់​ពួក​ប្រេត​ទាំង​នោះ ប្រា​កដគ្រប់​យ៉ាង​ដោយ​ប្រ​ការ​ណា ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​អធិដ្ឋាន​ឲ្យ​ព្រះ​រា​ជា​បាន​ឃើញ​ដោយ​​ប្រ​ការ​យ៉ាង​នោះ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​ទ័យ​រីក​រាយ​យ៉ាង​ក្រៃ​លែង​។

រឿង​រ៉ាវ​ដែល​ជាប់​ទាក់​ទិន ឬ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ព្រះ​ពុទ្ធ​សាស​នា ដូច​បាន​ពណ៌​នា​ខាង​លើ គ្រាន់​តែ​ជា​ចំ​ណែក​តូច​មួយ​ស​ឲ្យ​ឃើញ​នូវ​ចំ​ណុច​ខ្លះ​ៗ​នៃ​បុណ្យ​សែន​ដូន​តា។ បុណ្យ​សែន​ដូន​តា​បច្ចុប្បន្ន ក្លាយ​ជា​បុណ្យ​​ប្រ​​ពៃ​ណី​ប្រ​កប​ដោយ​អត្ត​សញ្ញា​ណវប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​និ​យាយ​ដោយ​ឡែក ​រួម​ចំ​ណែក​ក្នុង​ការ​ធ្វើ​ឲ្យ​សម្បូរ​បែប​នៃ​ខឿន​វប្ប​ធម៌​វៀត​ណាម​។ បុណ្យ​សែន​ដូន​តា ឆ្លង​តាម​រយៈ​នៃ​ពិ​ធី​ការ​សាសនា​គឺ ចង់​បញ្ជាក់​ពី​ចរិត​លក្ខណៈ​ក៏ដូ​ច​ជា​ទង្វើរ​បស់​មនុស្ស​ជាតិ​ឲ្យ​ចេះ​តប​ស្នង​​សង​គុណ ​គោ​រព​ចាស់​ព្រឹទ្ធា​ចារ្យ ជី​ដូន​ជី​តា ឪ​ពុក​ម្តាយ​និង​ឲ្យ​ចេះ​សាមគ្គី​ស្រ​ឡាញ់​សហ​គមន៍ សាម​គ្គី​គ្នា​រវាង​ភូមិ​ផង​របង​ជា​មួយ​និង​រ​វាង​ជន​ជាតិ​ជា​បង​ប្អូន​កំ​ពុង​រួម​រស់​នៅ​ជា​មួយ​គ្នា៕​               

ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
(បុណ្យ​ភ្ជុំ​បិណ្ឌ)