អប់រំ អប់រំ

08/05/2017 - 16:27

សមណសិស្សទទួលជ័យលាភីលេខមួយក្នុងពិធីប្រឡងបាលីរង

ពិធីប្រឡងបាលីរងឆ្នាំ២០១៧ សមណសិស្សថាច់សាង គង់នៅវត្តសាលាពោធី (វត្តថ្មី) សង្កាត់២ ក្រុងវិញចូវ (ខេត្តសុកត្រាំង) ទទួលជ័យលាភីលេខមួយ។ នេះជាលទ្ធផលក្នុងការព្យាយាមរៀនសូត្រអស់រយៈកាល ៣ឆ្នាំរបស់សមណសិស្សថាច់សាង។  

សមណសិស្សថាច់សាង(ទ្រង់ឈរខាងឆ្វេង)ទទួលរង្វាន់ពី គណៈកម្មការពិធីប្រឡង។

ជាកុមារមួយរូបចូលចិត្តការរៀនសូត្រ ប៉ុន្តែដោយអាស្រ័យជីវភាពគ្រួសារក្រលំបាក ម៉្លោះហើយថាច់សាងក៏បានសុំឪពុកម្តាយចូលសាងផ្នួសនៅវត្តសាលាពោធីដើម្បីបន្តការសិក្សារៀនសូត្រ។ ខណៈពេល ចូលសាងផ្នួសតែងបានព្រះចៅអធិការដាស់តឿនក្រើនរំលឹក ដូច្នេះ ក្រៅពីរៀនសូត្រធម៌អាថ៌ វិន័យ សាមណេរថាច់សាង នៅទាំងចូលរៀនថ្នាក់បាលីក្នុងវត្តនិងរៀនសាលាចំណេះទូទៅទៀតផង។ ដោយសារព្យាយាមរៀនសូត្រ ស៊ូទ្រាំលំបាកអានស្វែងយល់ពីសៀវភៅកាសែត ម៉្លោះហើយពេលប្រឡងបញ្ចប់បាលីរង សមណសិស្សថាច់សាង ក៏បានរៀនចប់ថ្នាក់មធ្យមសិក្សាមូលដ្ឋាន។ ដោយសារសមណសិស្សថាច់សាង មានចំណេះដឹងខាងផ្លូវលោកស្រាប់ដូច្នេះ ក្នុងពិធីប្រឡងបាលីរង សមណសិស្សថាច់សាង សម្រេចបានពិន្ទុខ្ពស់បំផុតគឺ៥៨,៥ពិន្ទុ ក្នុង៦វិញ្ញាសា។ សមណសិស្សថាច់សាង ពិតឲ្យដឹង៖ "បួសនៅក្នុងវត្ត អាត្មាភាពតែងបានព្រះចៅអធិការដាស់តឿនក្រើនរំលឹក និងណែនាំបង្ហាញផ្លូវនោះគឺជាវិធីដ៏ល្អបំផុត ដើម្បីអាត្មាភាពបន្តការសិក្សារៀនសូត្រអនុវត្តនូវក្តីបំណងប្រាថ្នារបស់ខ្លួន។ សម្រេចបានលទ្ធផលក្នុងការប្រឡងលើកនេះធ្វើឲ្យអាត្មាភាពមានក្តីសោមនស្សយ៉ាងខ្លាំង ហើយសូមអរព្រះគុណចំពោះព្រះចៅអធិការ និងមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានទំនុកបម្រុងបង្កលក្ខណៈឲ្យអាត្មារៀនសូត្របានត្រឹមត្រូវ។ អាត្មានឹងខិតខំរៀនសូត្រឲ្យបានលទ្ធផលខ្ពស់ជាងនេះទៀត ដើម្បីមានចំណេះវិជ្ជាបម្រើការងារសាសនា ជនជាតិ ពិសេសគឺក្នុងវត្តអារាម"។

ក្នុងរយៈកាល៣ឆ្នាំកន្លង  សមណសិស្សថាច់សាងតែងព្យាយាមសិក្សារៀនសូត្រឧស្សាហ៍ស្វែងយល់តាមសៀវភៅ កាសែត និងស្វែងរកវិធីសាស្រ្តពន្យល់មេរៀនតាមប្រព័ន្ធអិនធើណិត ម៉្លោះហើយតែងសម្រេចបាននិទ្ទេសពូកែ ដើម្បីជាជំហានក្នុងដំណើរការសិក្សាខ្ពស់ជាងនេះទៀត។ សមណសិស្សថាច់សាង ពិតឲ្យដឹងបន្ថែម៖  "អាត្មានឹងចូលរៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបន្តទៀត ដើម្បីថ្ងៃក្រោយបានចូលរៀនមហាវិទ្យាល័យ។ ចូលរៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូនេះ សមណសិស្សតែងបានរដ្ឋគិតគូរតាំងពីការរៀនសូត្រ ចង្ហាន់ឆាន់ កនែ្លងគងនៅ ហើយបើរៀនពូកែថែមទាំងទទួលបានអាហារូបកណ៍ទៀតផង"។ ដោយសារការស៊ូទ្រាំលំបាកនិងការខិតខំរៀនសូត្ររបស់សមណសិស្សថាច់សាង ខ្ញុំជឿជាក់ថាពេលចូលរៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូនឹងសម្រេចបាននិទ្ទេសពូកែជាងនេះទៅទៀត ដើម្បីជាជំហានដ៏រឹងមាំសម្រាប់ចូលរៀនមហាវិទ្យាល័យខាងមុខ៕

លីធាន-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សាមណេរថាច់សាង