វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

01/11/2016 - 09:33

អ្នក​គ្រូ​ជក់​ចិត្ត​នឹង​សិល្បៈ​របាំ​ខ្មែរ

ប្រ​សិន​បើ​អ្នក​ណា​ធ្លាប់​បាន​ជួប​សើុង​ចរិយា  អាយុ​២៧​ឆ្នាំ    គ្រូ​បង្រៀន សាលា​បឋម​សិក្សា​វិញ​ត្រាច់ ក្រុង​បាក​លីវ ប្រ​ការ​ដែល​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​ទៅ​លើ​នារី​ជន​ជាតិ​ខ្មែរ​រូប​នេះ​ នោះ​គឺ​ទឹក​មុខ​ស្រស់​ញ​ញឹម កែវ​ភ្នែក​ភ្លឺ​ថ្លា ឫក​ពា​រម​ទម្យ សម្តី​សុ​ភាព​រាប​សា។ កាន់​តែ​សំ​ណេះ​សំ​ណាល​ជា​មួយ​ចរិយា​យើង​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ពី​ការ​ចាប់​ចិត្ត​ដិត​អា​រម្មណ៍​របស់​នាង​ជា​មួយ​នឹង​របាំ​សិល្បៈ​ប្រ​ពៃ​ណី​ខ្មែរ​។ ជាង​នោះ​ទៅ​ទៀត អ្នក​នាង​ចរិយា​ថែម​ទាំង​បាន​បង្ហាត់​បង្រៀន​របាំ​ជូន​ប្អូនៗ​សិស្សា​នុសិស្ស​ក្នុង​សាលា ដើម្បី​រួម​ចំ​ណែក​រក្សា​អត្ត​សញ្ញាណ​វប្បធម៌​ជាតិ​ទៀត​ផង។​ 

អ្នក​គ្រូ​សើុង​ចរិយា គឺ​ជា​សិល្ប​ការិនី​មួយ​រូប​ក្នុង​ចំ​ណោម​សិល្ប​ករ​-​ការិនី​នៃ​ក្រុម​របាំ​ខ្មែរ​នៅ​ភូមិ​ភាគ​។

សើុងចរិយា​ស្លៀក​ពាក់​តាម​បែប​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​រំ​លេច​ពណ៌​ស្រស់ ធ្វើ​ឲ្យ​អ្នក​ជុំ​វិញ​មាន​ការ​ចាប់​អា​រម្មណ៍​ទៅ​លើ​អ្នក​នាង​ជា​និច្ច​។ ម្យ៉ាង​ទៀត អ្នក​នាង​តែង​ទាក់​ទាញ​អា​រម្មណ៍​ទស្សនិក​ជន ដោយ​ឈុត​របាំ ដែល​ប្រ​កប​ដោយ​កាយ​វិ​ការ​ទន់​ភ្លន់ របាំ​ជា​ទម្រង់​សិល្បៈ​មាន លក្ខណៈ​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ មាន​ដូច៖ រាំ​វង់ សារ​វ៉ាន់ ឆៃ​យុាំ​។ល។ ដែល​តែង​តែ​ទាក់​ទាញ​ភ្នែក​ទស្ស​និក​ជន​ឆ្លង​តាម​រយៈ​នៃ ការ​សម្តែង​របស់​អ្នក​នាង​ចរិយា​ជា​មួយ​នឹង​សិល្ប​ករ​- ​ការិនី​នៃ​ក្រុម​របាំ​វត្ត គម្ពី​រសា​គរ (ព្រែក​ជ្រៅ)​។​ទោះ​បី​ក្នុង​គ្រួ​សារ​គ្មាន​អ្នក​ណា​ប្រ​កប​អា​ជីព​ខាង​សិល្បៈ​ក៏​ពិត​មែន ប៉ុន្តែ​តាំង​ពី​កុមារ​ភាព សើុង​ចរិយា​តែង​ធ្វើ​ដំ​ណើរ​តាម​ឪ​ពុក​ម្តាយ​ទៅ​វត្ត​ក្នុង​ឱ​កាស​បុណ្យ​ផ្សេង​ៗ​ ដើម្បី​ទស្ស​នា​ការ​សម្តែង​សិល្បៈ​និង​សប្បាយ​រីក​រាយ​ជា​មួយ​មិត្ត​ភ័ក្តិ​។ ហើយ​ផ្តើម​ពី​របាំ​និង​ចម្រៀង​ខ្មែរ​ដ៏​ពី​រោះ​រណ្តំ បាន​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​នាង​មិន​ដឹង​ពី​ពេល​ណា​នោះ​ទេ​។ លុះ​ដល់​ពេល​រៀន​ថ្នាក់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ សើុង​ចរិយា​បាន​ចេះ​សម្តែង​របាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​យ៉ាង​ស្ទាត់​ជំ​នាញ​។ មិន​តែ​ប៉ុណ្ណោះ អ្នក​នាង​នៅ​ទាំង​ច្រៀង​ពី​រោះ​និង​សម្តែង​កាយ​វិការ​បាន​ល្អ​ទៀត​ផង​។ ក្រោយ​ពី​ម៉ោង​បង្រៀន​នៅ​សា​លា​ អ្នក​នាង​ឆ្លៀត​ពេល​ហាត់​សម​និង​រៀន​របាំ​បន្ថែម ។

សព្វ​ថ្ងៃ ថ្វី​ត្បិត​ជា​គ្រូ​បង្រៀន​ជាប់​រវល់​កិច្ច​ការ​ច្រើន​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ជា​សិល្ប​ការិនី​ស្នូល​មួយ​រូប ក្នុង​ចំ​ណោម​សិល្ប​ករ​-​ការិនី​នៃ​ក្រុម​របាំ​វត្ត​គម្ពីរ​សា​គរ (ព្រែក​ជ្រៅ) ក្នុង​មួយ​សប្តាហ៍​អ្នក​នាង​តែង​ទៅ​វត្ត រួម​ជា​មួយ​នឹង​សិល្ប​ករ​-​ការិនី​ក្នុង​ក្រុម​ហាត់​សម​២​លើក ក៏​ដូច​ជា​បង្ហាត់​បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក​។ " នាង​ខ្ញុំ​មាន​បំ​ណង​ធ្វើ​យ៉ាង​ណា បញ្ចេញ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​ ដើម្បី​បង្ហាញ​ទស្ស​និក​ជន​បាន​យល់​ច្បាស់ ពី​អត្ថ​ន័យ​នៃ​របាំ​និង​ចម្រៀង​ខ្មែរ​។ នាង​ខ្ញុំ​សប្បាយ​រីក​រាយ ពី​ព្រោះ​បាន​រួម​ចំ​ណែក​មួយ​ភាគ​ក្នុង​ការ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្លួន"  អ្នក​នាង​ចរិយា ឲ្យ​ដឹង​ដូច្នេះ​។ ទន្ទឹម​នឹង​នោះ អ្នក​គ្រូ​ចរិយា​មិន​ត្រឹម​តែ​បង្ហាត់ បង្រៀន​ចំ​ណេះ​វិជ្ជា​ដល់​សិស្ស​ប៉ុណ្ណោះ​ទេ អ្នក​គ្រូ​ថែម​ទាំង​គួប​ផ្សំ បង្រៀន​ចម្រៀង និង​របាំ​ខ្មែរ​ដល់​សិស្ស ដើម្បី​ជួយ​ឲ្យ​ប្អូនៗ​បង្ខិត​ជិត​ជា​ មួយ​នឹង​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​តាំង​ពី​វ័យ​នៅ​ក្មេង​ផង​ដែរ​។ ចំ​ពោះ​អ្នក​នាង​ចរិយា អ្វី​ដែល​ជា​សុ​ភមង្គល​សម្រាប់​នាង​នោះ​គឺ​នៅ​ ពេល​បាន​រាំ ច្រៀង​តាម​ចង្វាក់​រាំ និង​បទ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ដ៏​ពី​រោះ​រណ្តំ។ ការ​អស់​ពី​ចិត្ត​និង​ការ​ជក់​ចិត្ត​ជា​មួយ​នឹង​សិល្បៈ​របស់​អ្នក​នាង បាន​បង្ហាញ​ទស្ស​និក​ជន​ទូ​ទៅ​ដឹង​ថា សិល្បៈ​ជន​ជាតិ​តែង​មាន​ប្រ​ជា​ប្រិយ​ភាព​និង​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា ប្រ​សិន​បើ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​បំ​ពាក់ បំ​ប៉ន​៕

ហ្វិញហ៊ីវ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សើុងចរិយា