28/06/2016 - 14:29

ថ្នាក់រៀនអក្សរខ្មែរនៅវត្តសេតុត្តរ

ច្រើន​ឆ្នាំ​កន្លង ទោះ​បី​នៅ​មាន​ការ​លំ​បាក​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​ក៏​ដោយ ប៉ុន្តែ​វត្ត​សេតុ​ត្តរ ស្រុក​កើ​-ដ ក្រុង​កឹង​ធើ នៅ​តែ​រក្សា​ការ​បើក​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ ក្នុង​ចំណុះ​​ជើង​វត្ត​មក​សិក្សា​រៀន​សូត្រ​នា​ឱ​កាស​វិ​ស្ស​ម​កាល​រៀង​រាល់​ឆ្នាំ​។

 ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង​ កំ​ពុង​ពិ​និត្យ​ការ​រៀន​អក្សរ​ខ្មែរ​ របស់​សិស្សា​នុ​សិស្ស​។  

នៅ​ទី​ប្រ​ជុំ​ជន​កើ​-ដ និង​ឃុំ​ជិត​ខាង​ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បង្គួរ ម្ល៉ោះ​ហើយ​តម្រូវ​ការ​រៀន​សូត្រ​ខាង​អក្សរ​សាស្រ្ត​ខ្មែរ តែង​មាន​ការ​ចាប់​អា​រម្មណ៍។ វត្ត​សេ​តុត្តរ ឋិត​នៅ​ភូមិ​ថើយ​ហ្វា ទី​ប្រ​ជុំ​ជន​កើ​-ដ គឺ​អា​សយដ្ឋាន​ដែល​ធ្លាប់​តែបើក​បង្រៀន​អក្សរ​ខ្មែរ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ សម្រាប់​ប្អូន​ៗ​ជន​ជាតិ​ខ្មែរ​នៅ​ទី​ប្រ​ជុំ​ជន​កើ-ដ និង​ឃុំ​ជិត​ខាង​នា​នា​មក​រៀន​នា​ឱ​កាស​វិ​ស្ស​ម​កាល​។  ថ្នាក់​រៀន​ត្រូវ​បាន​បន្ត​បើក​រៀង​រាល់​ឆ្នាំ នេះ​ជា​លទ្ធ​ផល​នៃ​ការ​ខំ​ខ្នះ​ខ្នែង​អំ​ពី​សំ​ណាក់​គណៈ​កម្ម​កា​រ​វត្ត​ព្រះ​សង្ឃ ពិ​សេស​គឺ​ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង ព្រះ​ចៅ​អធិ​ការ​វត្ត សេតុត្តរ​នេះ​តែ​ម្តង​។ អា​ស្រ័យ​បាន​សប្បុ​រស​ជន​និង​ពុទ្ធ​បរិ​ស័ទ​មាន​សទ្ធា​ជ្រះ​ថ្លា​ឧបត្ថម្ភ​ប្អូន​ៗ​តាំង​ពី​សម្ភារៈ សិក្ខូប​ករណ៍​ជា​ដើម​។ ដើម្បី​ទាក់​ទាញ​សិស្ស​ចូល​រៀន​ច្រើន​ឆ្នាំ​កន្លង ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង និង​គណៈ​កម្ម​ការ​វត្ត​បាន​ខ្នះ​ខ្នែង​ចលនា​ពន្យល់ ដើម្បី​ជន​រួម​ជាតិ​ខ្មែរ​យល់​ច្បាស់​អំ​ពី​ភាព​ចាំ​បាច់​នៃ​ការ​រៀន​អក្សរ​សាស្រ្ត​ខ្មែរ​។  ក្នុង​ឱ​កាស​វិស្ស​ម​កាល​ឆ្នាំ​នេះ ក៏​ដូច្នោះ​ដែរ​ចាប់​តាំង​ពី​ប្អូន​ៗ​មិន​ទាន់​បញ្ចប់​កម្ម​វិ​ធី​សា​លា​សា​កល​មក​ម៉្លេះ ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង និង​គណៈ​កម្ម​ការ​វត្ត​បាន​ស​កម្ម​ចលនា​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ ចុះ​ឈ្មោះ​ចូល​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត។ ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​បុណ្យ​ទាន​ផ្សេង​ៗ​ក្នុង​វត្ត មួយ​​អន្លើ​ដោយ​អ្នក​មាន​ប្រជា​ប្រិយ​ភាព​មួយ​ចំ​នួន​ជួយ​ខ្នះ​ខ្នែង​ជ្រំ​ជ្រែង​ជា​មួយ​វត្ត ឃើញ​ថា ស្មារ​តី​ភ្ញាក់​រលឹក​របស់​អា​ណាព្យា​បាល​​សិស្ស​និង​ទឹក​ចិត្ត​ឧស្សាហ៍ រៀន​សូត្រ​របស់​ប្អូន​ៗ​មាន​ការ​រីក​ចម្រើន​។ ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង ចែក​រំ​លែក​៖ " ដោយ​សារ​រៀង​រាល់​ឆ្នាំ វត្ត​តែង​ចលនា​ទូ​លំ​ទូ​លាយ​តាម​ភូមិ​ស្រុក ទើប​ឆ្នាំ​នេះ​ចំ​នួន​សិស្ស​ចូល​រៀន​បាន​កុះ​ករ​។ អា​ណា​ព្យា​បាល​សិស្ស​ភាគ​ច្រើន​បាន​ប្រ​ញាប់​មក​ចុះ​ឈ្មោះ ប្អូន​ៗ​ខ្លះ​ក៏​មក​វត្ត​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ខ្លួន​ឯង​។ មាន​អា​ណា​ព្យា​បាល​សិស្ស​មួយ​ចំ​នួន​ទៅ​ធ្វើ​ការ​ងារ​រក​ស៊ី​នៅ​ឆ្ងាយ​លុះ​ត្រ​ឡប់​មក​ផ្ទះ​ទើប​ដឹង​ឮ រួចហើយ​ក៏​មក​វត្ត​ចុះ​ឈ្មោះ​សូម​ផ្ញើ​ឲ្យ​កូន​របស់​ខ្លួន​ចូល​រៀន​ផង​ដែរ​។ នេះ​ជា​ប្រ​ការ​ដែល​វត្តមាន​ក្ដី​សោ​ម​នស្ស​ខ្លាំង​ណាស់ ក្នុង​បរិ​បទ​នៃ​ការ​ទាក់​ទាញ​សិស្ស​ចូល​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លំ​បាក​"។

មិន​ត្រឹម​តែ​ផ្ដុំ​កម្លាំង​ចលនា​អា​ណា​ព្យា​បាល​សិស្ស និង​សិស្ស​ប៉ុណ្ណោះ​ទេ វត្ត​សេតុត្តរ​នៅ​ទាំង​ចលនា​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ចំ​ពោះ​សប្បុ​រស​ជន ពុទ្ធ​ប​រិ​ស័ទ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ឧបត្ថម្ភ​ថ្នាក់​រៀន​។ ឆ្លើយ​តប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​របស់​វត្ត របស់​អា​ណា​ព្យា​បាល​ឃើញ​ថា សិស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ស្មារ​តី​ភ្ញាក់​រលឹក​សង្វាត​រៀន​សូត្រ​គួរ​ឲ្យ​កោត​សរ​សើរ​។ រយៈ​ពេល​ជាង​កន្លះ​ខែ​មក​នេះ ចំ​នួន​សិស្ស​ចូល​រៀន​ត្រូវ​បាន​រក្សា​លំ​នឹង ប្អូន​ៗ​ទៅ​រៀន​ទៀង​ទាត់​និង​ឧស្សាហ៍​ធ្វើ​មេរៀន​នៅ​ផ្ទះ។ ប្អូន​ដាវ​ថាញ់​ហុង នៅ​ភូមិ​ថើយ​ហ្វា រីក​រាយ​ឲ្យ​ដឹង​៖ "​ប្អូន​ឃើញ​មិត្ត​ភក្ដិ​ក្នុង​ភូមិ​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត ប្អូន​ក៏​សុំ​ឪ​ពុក​ម្តាយ​ចូល​រៀន​នឹង​គេ​ដែរ​ត្បិត​អី​ក្រៅ​ពី​បាន​រៀន​អក្សរ​ខ្មែរ ប្អូន​ថែម​ទាំង​បាន​ស្វែង​យល់​វប្ប​ធម៌​កម្សាន្ត​សប្បាយ​ជា​មួយ​មិត្ត​ភក្តិ​ជា​ដើម​។ ថ្វី​ត្បិត​ចូល​រៀន ក្រោយ​គេ​ពីរ​បី​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​អា​ស្រ័យ​ដោយ​បាន​លោក​គ្រូ​មិត្ត​ភក្តិ ជួយ​ណែ​នាំ​ប្អូន​ក៏​រៀន​ទាន់​កម្ម​វិ​ធី​សិក្សា​ដូច​មិត្ត​ភក្ដិ​ដ​ទៃ​ដែរ​"៕

ថាច់ ថាញ់ភូ - សេរី

 

ចែករំលែកអត្ថបទ