23/08/2016 - 17:48

បង្រៀនអក្សរខ្មែរជូនកូនចៅជនរួមជាតិខ្មែរ

តាម​គណៈ​ជន​ជាតិខេត្ត​កៀង​យ៉ាង រដូវ​វិស្ស​ម​កាល​ឆ្នាំ​២០១៦ ភូមិ​ភាគ​នា​នា​ក្នុង​ខេត្ត បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​២៩៧​ថ្នាក់ ជូន​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៧.៣២៥​អង្គ​និង​រូប​។

 ថ្នាក់​រៀន​អក្សរ​ខ្មែរ​នា​រដូវ​វិស្សម​កាល​នៅ​វត្ត​ពោធិ៍​កណ្តាល​ កំ​ពង់​បោះ​ត្រា​ចាស់​
ឃុំ​វិញ​ថាញ់ ស្រុក​យ៉ុង​រៀង​ខេត្ត​កៀង​យ៉ាង​។ 

ថ្នាក់​រៀន​ទាំង​នេះ ត្រូវ​បាន​រៀប​ចំ​នៅ​ភូមិ​ភាគ​នានា កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ដូច​៖ ស្រុក​យ៉ាង​ថាញ់ ហង​ដឹក​ចូវ​ថាញ់ យ៉ុង​រៀង ហ្គ​ក្វាវ ក្រុង​ហា​តៀង​និង​ក្រុង​រ៉ាច់​យ៉ា។ ក្រៅ​ពី​បើក​បង្រៀន​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​និង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក ថ្នាក់​រៀន​នៅ​ទាំង​បើក​នៅ​តាម​វត្ត​អា​រាម​លើ​ភូមិ​សាស្រ្ត ហើយ​គ្រូ​បង្រៀន​គឺ​ព្រះ​សង្ឃ អា​ចារ្យ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ។ លោក​យ័ញ​ង៉ុក​ហ៊ុង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កៀង​យ៉ាង ចែក​រំ​លែក​៖ "ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​រដូវ​វិស្សម​កាល​គឺ​ជា​ស​កម្ម​ភាព​ជាក់​ស្តែង​មាន​អត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​ងារ​ជន​ជាតិ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ជន​រួម​ជាតិ​ខ្មែរ​រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា អភិ​រក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញា​ណវប្ប​ធម៌​របស់​បណ្តា​ជន​រួម​ជាតិ​ភាគ​តិច​។ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ផ្តល់​ថ​វិ​កា​ជូន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ ​ក្រៅ​​ក្រប​ខណ្ឌ​ឆ្នាំ២០១៦ និង​ទិញ​សៀវ​ភៅ​ពុម្ព​អក្សរ​ខ្មែរ​គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​៥៩០​លាន​ដុង​"។ ឆ្លង​តាម​រយៈ​វគ្គ​បង្រៀន កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច ចេះ​អាន ចេះ​សរ សេរ​អក្សរ​ខ្មែរ និង​បាន​គ្រូ​បង្រៀន​អប់​រំ​ពី​សីល​ធម៌​នៃ​ការ​រស់​នៅ​មាន​បរិ​យា​កាស លេង​កម្សាន្ត​ត្រឹម​ត្រូវ​មាន​ប្រ​យោជន៍​នៅ​រដូវ​វិស្ស​ម​កាល ពិ​សេស​គឺ​កុ​មារ​នៅ​តំ​បន់​ជន​បទ ​តំ​​បន់​ព្រំ​ដែ​​ន។

តាម​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​កៀង​យ៉ាង ឆ្នាំ​សិក្សា​២០១៥-២០​១៦ ទូ​ទាំង​ខេត្ត​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំនួន​៣៥​បើក​បង្រៀន​អក្សរ​ខ្មែរ​បាន​ជិត​២០០​ថ្នាក់ ដោយ​មាន​សិស្ស​ចូល​រៀន​ជាង​៤.៨៧០​នាក់​។ ខេត្ត​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ឧបត្ថម្ភ ថ​វិ​កា​ជូន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ក្រៅ​ក្រប​ខណ្ឌ​និង​ទិញ​សៀវ​ភៅ​ពុម្ព​អក្សរ​ខ្មែរ ព្រម​ទាំង​បំ​ពាក់​គ្រឿង​បរិក្ខារ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​របស់​គ្រូ​និង​សិស្ស​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។ ប៉ុន្មាន​ឆ្នាំ​កន្លង ខេត្ត​កៀង​យ៉ាង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​រៀប​ចំ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​បណ្តា​ជន​ជាតិ​ភាគ​តិច​។ ជាក់ស្តែង ដូច​ការ​បណ្តុះ​បណ្តាល​បង្រៀន​របរ ដោះ​ស្រាយ​ការ​កង្វះ​ដី​ឬ​គ្មាន​ដី​ផលិត​កម្ម ទឹក​ស្អាត​ប្រើ​ប្រាស់ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ ភាព​រៀប​ចំ​គម្រោង​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន​សេចក្តី​ត្រូវ​ការ​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​។ ប្រមូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ ពង្រីក​សេដ្ឋ​កិច្ច វប្ប​ធម៌​តំ​បន់​ជន​រួម​ជាតិ ជួយ​ជន​រួម​ជាតិ​ជម្នះ​លំ​បាក​និង​លើក​ស្ទួយ​ជីវ​ភាព​ជា​លំ​ដាប់​។ ទន្ទឹម​នឹង​នោះ ការ​បង្រៀន​អក្សរ​ខ្មែរ​គឺ​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ផង និង​រួម​ចំ​ណែក​ក្នុង​ការ​រក្សា​ពង្រឹង​ពង្រីក​តម្លៃ​អត្តសញ្ញាណ​វប្ប​ធម៌​ដ៏​ប្រ​សើរ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​៕

ឡេស៊ាង-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យ័ញ​ង៉ុក​ហ៊ុង