20/06/2017 - 08:48

ភាពអ៊ូអរនៃការបង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាល

ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវិស្សមកាលគឺមានវត្តខ្មែរជាច្រើននៅតំ បន់វាលរាបទន្លេគឺវឡុង តែងបើកថ្នាក់បង្រៀងអក្សរខ្មែរជូនប្អូនៗ សិស្សានុសិស្ស។  នេះជាសកម្មភាពមួយមិនត្រឹមតែមានអត្ថន័យក្នុងការអភិរក្ស ភាសាអក្សរសាស្រ្ត វប្បធម៌ខ្មែរប៉ុណ្ណោះទេ នៅទាំងបង្កបរិស្ថានសម្រាប់ប្អូនៗ កំសាន្តសប្បាយប្រកបដោយប្រយោជន៍ នាវិស្សមកាលទៀតផង ។ 

 

 វត្តក្រពុំឈូក(ក្នក)បើកបង្រៀនអក្សរខ្មែរនារដូវឱកាសវិស្សមកាល។ 

ព្រះតេជព្រះគុណ ត្រឹងសន ព្រះចៅអធិការវត្តមុនីរង្សី ខ័ណ្ឌណិញកេវ ក្រុងកឹងធើ មានព្រះថេរដីកា៖ " នៅតាមបន្ទប់រៀននីមួយៗ វត្តតែងជូនសិក្ខូបរណ៍ដល់ក្មួយៗដែលចុះឈ្មោះចូលរៀន។ក្រៅពីនោះ វត្តនៅទាំងបើកបង្រៀងអក្សរខ្មែរពេលយប់ជូននិស្សិត និងមាមីងយាយតាដែលមានតម្រូវការរៀនសូត្រទៀតផង"។ ពេលវត្តបើកបង្រៀនអក្សរខ្មែរជូន ក្មួយៗកុមារា-រី នៅពេលថ្ងៃរសៀលចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់សប្តាហ៍ ឃើញថាអាណាព្យាបាលសិស្សសុទ្ធសឹងតែមានក្តីត្រេកអរយ៉ាងក្រៃលែង ពីព្រោះយល់ឃើញថាកូនរបស់ខ្លួនមានឱកាសបាន ស្វែងយល់អំពីភាសានិងអក្សរសាស្រ្តរបស់ជាតិ។ បងស្រី ហ្វិញធីដាលីន អាណាព្យាបាលរបស់ប្អូនចន្ធូ និងប្អូនសុវណ្ណ បានឲ្យដឹងដោយក្តីរីករាយ៖"វត្តបើកបង្រៀនអក្សរខ្មែរ គឺល្អខ្លាំងណាស់ ហេតុនោះខ្ញុំបាន ឲ្យក្មួយទាំងពីររូបមករៀន។ ឆ្លងតាមរយៈនៃមេរៀននីមួយៗ សន្សឹមៗ ប្អូនៗ ក៍បានយល់ដឹងបន្ថែមអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន"។ ព្រះតេជព្រះគុណ ថាច់ដេប ទទួលបន្ទុកបង្រៀនអក្សរខ្មែរ ឲ្យតម្លៃ៖ " សព្វថ្ងៃនេះ មានគ្រួសារជាច្រើននិយាយប្រស្រ័យនឹងគ្នាដោយភាសាខ្មែរ ហេតុនោះក្មួយៗ និយាយភាសាខ្មែរបានល្អណាស់ ហេតុនេះពេលក្មួយៗរៀនអក្សរខ្មែរក៏ឆាប់ចេះឆាប់ចាំផងដែរ។ ម៉្យាងទៀត ក្មួយៗមានចំណូលចិត្តចង់រៀន ម្ល៉ោះហើយរៀនចេះចាំយ៉ាងរហ័ស"។ មកទល់ សព្វថ្ងៃ នៅលើភូមិសាស្រ្តក្រុងកឹងធើ មានទីតាំង៥កន្លែងដែលបើកបង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាលនៅគ្រប់ខ័ណ្ឌ ស្រុក ។ ព្រះតេជព្រះគុណ លីហុង អនុប្រធានអចន្ត្រៃយ៍សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិក្រុងកឹងធើ មានព្រះថេរដីកា៖ " ឆ្នាំនេះ សមាគមបានសិក្សាស្រាវជ្រាវ និងអនុវត្តនូវសកម្មភាពមួយចំនួនសំដៅធ្វើឲ្យផ្លាស់ប្តូរនូវការបង្រៀន និងរៀនអក្សរខ្មែរនៅតាមវត្ត។ ជាពិសេស ឆ្នាំនេះ សមាគមបានជ្រើសយកវត្តសេតុត្តរ ដើម្បីធ្វើការពិសោធន៍រកទម្រង់រូបភាពគំរូសម្រាប់វត្តនានានៅក្រុងកឹងធើអនុវត្តតាម។ ម៉្យាងទៀតឆ្នាំនេះ ក៏ជាឆ្នាំដំបូងដែលសមាគម បានសហការជាមួយនឹងគណៈជនជាតិក្រុងកឹងធើ អនុវត្តការផ្តល់ប្រាក់កម្រៃដល់ព្រះសង្ឃដែលទទួលបន្ទុកបង្ហាត់បង្រៀន។ ឆ្លងតាមរយៈនោះ បានរួមចំណែកជំរុញទឹកចិត្តគ្រូ និង សិស្សបង្រៀននិងរៀនបានល្អជាង"។

 ក្មួយៗសិស្សានុសិស្សនៅខេត្តសុកត្រាំងយកចិត្តទុកដាក់ រៀនអក្សរខ្មែរ។

យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង មកទល់សព្វថ្ងៃមានវត្តខ្មែរចំនួន៨០វត្ត បានបើកបង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាល។ ជារៀងរាល់ឆ្នាំតែងមានសិស្សប្រមាណពី៦.០០០ដល់៧.០០០ រូបមកចុះឈ្មោះចូលរៀន។ រយៈពេលកន្លង អនុវត្តតាមសេចក្តីសម្រេចចិត្តលេខ២៦/២០០៨/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការប្រកាសប្រើនូវយន្តការ គោលនយោបាយមួយចំនួនសំដៅជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចចំពោះខេត្ត ក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងនោះ មានទឹកប្រាក់៥,៣ពាន់លានដុងសម្រាប់ផ្គត់ផ្គង់ ដល់ព្រះសង្ឃដែលបង្រៀងបំពេញវិជ្ជាអក្សរខ្មែរនៅតាមវត្តខ្មែរ នាឱកាសវិស្សមកាល។ ចំណែកនៅខេត្តត្រាវិញ មកទល់បច្ចុប្បន្នមានវត្ត ខ្មែរ១៣៦/១៤២ បានបើកថ្នាក់បង្រៀងអក្សរខ្មែរ តាំងពីថ្នាក់ទី១ដល់ ថ្នាក់ទី៥ មានសិស្សានុសិស្សចូលរៀនចំនួន១១.០០០នាក់។ ចូលរួមបង្ហាត់បង្រៀងសំខាន់ គឺព្រះសង្ឃ កៅពីនេះមានបរិស័ទមួយចំនួនក៏ ស្ម័គ្រចិត្តជួយបង្ហាត់បង្រៀនផងដែរ។ យោងតាមគណៈជនជាតិខេត្ត កៀងយ៉ាងឲ្យដឹង៖ បណ្តាភូមិភាគក្នុងខេត្តបានបើកបង្រៀងអក្សរខ្មែរ ជូនកូនចៅពុទ្ធបរិស័ទបានជិត៣០០បន្ទប់។ ការបើកបង្រៀនរៀបចំឡើងនៅបណ្តាភូមិភាគដែលមានជនជាតិខ្មែររស់នៅកុះករ ដូចជា យ៉ាងថាញ់ ហងឌឹក ចូវថាញ់ យ៉ុងរៀង ហ្គក្វាវ ក្រុងហាតៀង ទីក្រុងរាច់ យ៉ា។ ក្រៅពីបើកនៅតាមសាលាចំណេះទូទៅនិងសាលាជនជាតិ បន្ទប់ រៀនភាគច្រើនបានបើកនៅតាមវត្តខ្មែរ ហើយគ្រូបង្រៀងគឺព្រះសង្ឃ អាចារ្យ និងអ្នកមានប្រជាប្រិយភាពដែលស្ទាត់ជំនាញខាងភាសាខ្មែរ។ គណៈកម្មាធិការប្រជាជនខេត្តកៀងយ៉ាង ក៏បានផ្តល់ថវិកាសម្រាប់ការ បង្រៀងអក្សរខ្មែរ ដើម្បីផ្គត់ផ្គង់ដល់គ្រូបង្រៀង និងទិញសៀវភៅពុម្ព។ នាឱកាសវិស្សមកាលនេះដែរនៅបណ្តាខេត្តដូចជាអាងយ៉ាង ហូវយ៉ាង កាម៉ាវ បាកលីវនិងវិញឡុង វត្តខ្មែរនៅខេត្តទាំងនេះ ក៏បានបើកបង្រៀង អក្សរខ្មែរជូនសិស្សានុសិស្សផងដែរ។ ព្រះតេជព្រះគុណច័ន្ទ ញាណ ព្រះចៅអធិការវត្តសាលវនឧទ្យាន (ព្រែកឈូក) ឃុំឡងម៉ី ស្រុកតាមប៊ិញ ខេត្តវិញឡុង មានព្រះថេរដីកា៖" នៅវិស្សមកាលនេះ មានសិស្ស២៦០រូបមករៀនអក្សរខ្មែរនៅវត្ត។ ក្មួយៗម្នាក់ៗព្យាយាមរៀនសូត្រណាស់ តិចមានក្មួយណាសូមសម្រាករៀន ហើយក្មួយៗគោរពតាមលក្ខន្តិកបានល្អជានិច្ច"។ រីឯព្រះតេជព្រះគុណយ៉ឿងលឿង ព្រះចៅអធិការវត្តសិរីវង្សា (ចេកមាស) ស្រុកហ្វាប៊ិញ ខេត្តបាកលីវ មានព្រះថេរដីកា៖" មកដល់ពេលនេះ វត្តបើកបង្រៀនអក្សរខ្មែរបាន២ថ្នាក់ មានសិស្សចំនួន៤០រូប។ ក្រៅពីវត្តអាត្មាភាពនៅមានវត្តគម្ពីរសាគរ (ព្រែកជ្រៅ) វត្តសិរីវង្សានិងវត្តសិរីពោធិ៍មង្គល ។ល។ នៅខេត្តបាកលីវក៏បានបើកបង្រៀនអក្សរខ្មែរជូនសិស្សានុសិស្សផងដែរ"។ តាមថេរដីការបស់ព្រះតេជព្រះគុណយ័ញត្វឹង ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ខេត្តហូវយ៉ាង ក្នុងខេត្តមានពីរវត្ត បើកបង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាល នោះគឺវត្តបូរីសិរីជុំ និងវត្តបុទុមវង្សី។ វត្តទាំងពីរនេះ បានបើកបង្រៀងអក្សរខ្មែរ ជូនសិស្សានុសិស្សច្រើនឆ្នាំកន្លងមកហើយ  ព្រមទាំងបានរៃអង្គាសថវិកាសង្គម ដើម្បីទិញសិក្ខូបករណ៍ជូនសិស្សរៀនសូត្រ។ ម៉្យាងទៀត សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត កំពុងបំផុសចលនាដល់វត្តដទៃទៀតនៅលើភូមិសាស្រ្ត គប្បីបើកសាលាបង្រៀនអក្សរខ្មែរជូនកូនចៅជនរួមជាតិខ្មែរ ប្រសិនបើមានលក្ខណសម្បត្តិអាចនឹងបើកបង្រៀងបាន ៕

ក្រុមអ្នកយកពត៌មាន-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្តក្រពុំឈូក(ក្នក)