22/11/2016 - 09:07

ក្តីរីករាយរបស់អ្នកដាំចំការ

ទោះ​បី​ភ្លៀង​ធ្លាក់​អូស​បន្លាយ​ក៏​ដោយ ប៉ុន្តែ​មា​មីង​ក​សិ​ករ​ដែល​ដាំ​ចំ​ការ​នៅ​សុក​ត្រាំង មាន​ក្តី​រីក​រាយ​ណាស់ ពី​ព្រោះ​ដំ​ណាំ​លក់​បាន​ថ្លៃ ហេតុ​ដូច្នោះ មា​មីង​រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​។

 

 មាមីងកសិករនាំស្ពៃក្តោបទៅលក់ឲ្យឈ្មួញ។

រយៈ​កាល​កន្លង ភ្លៀង​ធ្លាក់​អូស​បន្លាយ​នាំ​ឲ្យ​ជះ​ឥទ្ធិ​ពល​ដល់​ការ​លូត​លាស់​របស់​ដំ​ណាំ ដូច្នេះ​អ្នក​ដាំ​ត្រូវ​ថែ​ទាំ​ឲ្យ​បាន​ហ្មត់​ចត់​និង​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ទើប​មាន​ផលិត​ផល​សម្រាប់​លក់​។ បង​ស្រី​លី​ធី​មីញៀង អ្នក​ប្រ​មូល​ទិញ​បន្លែ​បង្ការ​នៅ​ភូមិ​ព្រែក​ឆ្វេង ឲ្យ​ដឹងៈ​" ឆ្នាំ​នេះ​ចំ​នួន​បន្លែ​បង្ការ​ថយ​ចុះ​ប្រ​មាណ​៥០% បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឆ្នាំ​មុន មិន​គ្រប់​ផ្គត់​ផ្គង់​ឲ្យ​ឈ្មួញ​នៅ​ខេត្ត​នានា​ ដូច្នេះ​បណ្តាល​ឲ្យ​តម្លៃ​ឡើង​ខ្ពស់​យ៉ាង​នេះ។   ហេតុ​ដូច្នោះ មា​មីង​កសិ​ករ​រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន​" ។

​បច្ចុប្បន្ន មា​​មីង​​ដែល​​ដាំ​​ចំ​​ការ​​នៅ​​សង​​ខាង​​មាត់​​ប្រ​​ឡាយ​​របស់​​ភូមិ​​ព្រែក​​ឆ្វេង​កំ​ពុង​ប្រ​មូល​ផល​ខ្ទឹម​ស្លឹក គូ​ឆាយ ស្ពៃ​ក្តោប ស្ពៃ​បូក​គោ ។ល។  បង​ថាច់​ឌាង នៅ​ភូមិ​ព្រែក​ឆ្វេង ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយៈ​​" នេះ​ជា​លើក​ដំ​បូង​ដែល​ខ្ញុំ​ដាំ​ចំ​ការ​បាន​ទាំង​ទិន្ន​ផល​និង​តម្លៃ​។ ខ្ញុំ​ដាំ​ស្ពៃ​បូក​គោ​១​កុង​ អាច​ប្រ​មូល​ផល​បាន​២២​លាន​ដុង ប៉ុន្តែ​ចំ​ណាយ​ដើម​ទុន​តែប្រ​មាណ​១​លាន​ដុង​ប៉ុណ្ណោះ ដូ​ច្នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។​ បច្ចុប្បន្ន តម្លៃ​ស្ពៃ​បូក​គោ​ពី​១៨.០០០​ដុង​-២០.០០០​ដុង​/គី​ឡូ​ក្រាម​"។ ចំ​ណែក​បង​ស្រី​តូ​ធី​កីម​ហឿង ក៏​នៅ​ភូមិ​ព្រែក​ឆ្វេង​ដែរ​ឲ្យ​ដឹងៈ​" ពិត​ណាស់​ឆ្នាំ​នេះ បន្លែ​បង្ការ​ប្រ​ភេទណា​ក៏​បាន​ថៃ្ល​ទាំង​អស់ ម៉្លោះ​ហើយ​មា​មីង​នរ​ណា​ក៏​រីក​រាយ​ដែរ​។ បច្ចុប្បន្ន នាង​ខ្ញុំ​ដាំ​ខ្ទឹម​ស្លឹក​និង​គូ​ឆាយ​ជាង​២​កុង គូ​ឆាយ​ផ្តល់​ផ្កា​ជាង​៥០​គី​ឡូ​ក្រាម​/​ថ្ងៃ ដោយ​តម្លៃ​២០.០០០​ដុង​/គី​ឡូ​ក្រាម​ចំ​ណែក​ខ្ទឹម​ស្លឹក​វិញ​មួយ​បាច់​(៣​គីឡូ​ក្រាម​)តម្លៃ​៥០.០០០​ដុង​។ មួយ​ថ្ងៃ​នាង​ខ្ញុំ​អាច​ប្រ​មូល​ផល​ខ្ទឹម​ស្លឹក​ប្រ​មាណ​៥០​បាច់ ហើយ​មួយ​កុង​អាច​ប្រ​មូល​ផលប្រមាណ​១០​ថ្ងៃ​គឺ​រួច​ស្រេច​ហើយ​។ នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​នាង​ខ្ញុំ​ឃើញ​ថា​បន្លែ​បង្ការ​បាន​ថ្លៃ​យ៉ាង​នេះ​"។​ ក៏​ដូច​បង​ស្រី​ហឿង​ដែរ បង​ស្រី​ដាវ​ធី​ធូ នៅ​ភូមិ​ព្រែក​ឆ្វេង ឲ្យ​ដឹងៈ​" ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ឲ្យ​តែ​ដល់​រដូវ​ហ្នឹង​គឺ នាង​ខ្ញុំ​ប្រ​មូល​ផល​ស្ពៃ​ក្តោប ប៉ុន្តែ​តម្លៃ​ស្ពៃ​ក្តោប​ឆ្នាំ​នេះ​កើន​ឡើង​ទ្វេ​ដង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ទៅ​មិញ​។ ស្ពៃ​ក្តោប​ដាំ​ចំ​រដូវ​ភ្លៀង​វា​ងាយ​នឹង​ខូច​ខាត​ណាស់ ប៉ុន្តែ​អា​ស្រ័យ​នាង​ខ្ញុំ​មាន​បទ​ពិ​សោធន៍​ដាំ​យូរ​ឆ្នាំ ម៉្លោះ​ហើយ​ទើប​នាង​ខ្ញុំ​ចេះ​របៀប​ថែ​ទាំ​កាត់​បន្ថយ​ការ​បង់​ខាត​។ ឆ្នាំ​នេះ​តម្លៃ​ស្ពៃ​ក្តោប​ប្រ​មាណ​៨.០០០​ដុង​/​គី​ឡូ​ក្រាម ដូច្នេះ​ជា​មួយ​នឹង​ស្ពៃ​ក្តោប​៣​កុង ក្រោយ​ពី​គិត​ចំ​ណូល​ចំ​ណាយ​រួច​ស្រេច នាង​ខ្ញុំ​នៅ​ចំ​ណេញ​ជិត​៣០​លាន​ដុង​"​។

សុក​ត្រាំង ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ដែល​មាន​ផ្ទៃ​ដី​ដាំ​ចំ​ការ​ច្រើន​បង្គួរ ដោយ​មាន​តំ​បន់​ជំ​នាញ​ដាំ​ចំ​ការ​ដូច​ជា​ឃុំ​ដាយ​តឹង ថាម​ដូង ថាញ់​ភូ (ស្រុក​មី​ស្វៀង) អាង​និញ (ស្រុក​ចូវ​ថាញ់) ភូមី​(ស្រុក​មី​ទូ) ។ល។ ចំ​ណុច​ពិ​សេស​ឆ្នាំ​នេះ គឺ​មា​មីង​ដាំ​ដំ​ណាំ​ខុស​រដូវ ម៉្លោះ​ហើយ​ទទួល​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​។  ប្រ​សិទ្ធ​ភាព​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​បង្ហាញ​នូវ​របៀប​ធ្វើ​ល្អៗ​ ពេល​មា​មីង​អ្នក​ដាំ​ចំ​ការ​បាន​អនុ​វត្ត​វិ​ទ្យ​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​៕

លីធាន-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រីលីធីមីញៀង