នយោបាយ - សង្គម នយោបាយ - សង្គម

30/08/2017 - 14:17

ទឹក​ព្រះ​ទ័យ​របស់​ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង

ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង ព្រះ​ចៅ​អ​ធិ​ការ​វត្ត​បឹង​ទន្សា ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង តែង​ខ្នះ​ខ្នែង​គិត​គូរ​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ ព្រម​ទាំង​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​កសាង​វត្ត​អា​រាម  ឧបត្ថម្ភ​អ្នក​ក្រ និង​ចលនា​ពុទ្ធ​បរិ​ស័ទ​ខិត​ខំ​ធ្វើ​ការ​រក​ទទួល​ទាន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។

ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង​។

ឆ្នាំ​១៩៧០ យុវ​ជន​ថាច់​សុង បាន​សូម​ចូល​សាង​ព្រះ​ផ្នួស​រៀន​ធម៌​វិ​ន័យ​និង​អក្សរ​សាស្រ្ត​ជាតិ​នៅ​វត្ត​បឹង​ទន្សា​។ លុះ​ដល់​ឆ្នាំ​២០០៤ ព្រះ​អង្គ​បាន​ពុទ្ធ​ប​រិ​ស័ទ​តែង​តាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ទន្សា​រហូត​ដល់​សព្វ​ថ្ងៃ​។ ផ្តើម​ពី​នោះ​មក​ព្រះ​អង្គ​ខ្នះ​ខ្នែង​ចល​នា​ពុទ្ធ​បរិ​ស័ទ​កសាង​កុដិ​សា​លា​ ខ្លោង​ទ្វារ ទី​ធ្លា​វត្ត​និង​សា​លា​បា​លី​។ល។ បច្ចុប្បន្ន វត្ត​បឹង​ទន្សា មាន​ទេស​ភាព​ស្រ​ឡះ​ស្រ​ឡំ​​បៃ​តង ជ្រះ​ស្អាត​។

កាល​ពី​កុ​មារ​ភាព ព្រះ​អង្គ​មិន​បាន​រៀន​អក្សរ លុះ​ចូល​បួស​ទើប​ព្រះ​អង្គ​បាន​រៀន​សូត្រ ព្រោះ​ហេតុ​នោះ ព្រះ​ឧបជ្ឈាយ៍​តែង​​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ មាន​បើក​ថ្នាក់​បង្រៀន​ភា​សា​បា​លី​ក្នុង​វត្ត​ជា​ដើម​។ ផ្តើម​ពី​នោះ ពុទ្ធ​បរិ​ស័ទ​ជឿ​ទុក​ចិត្ត​និង​មាន​សទ្ធា​ជ្រះ​ថ្លា រួច​ឲ្យ​កូន​ចៅ​ចូល​វត្ត​បួស​រៀន​កាន់​តែ​ច្រើន​ឡើង​។ បច្ចុ​ប្បន្ន ក្នុង​វត្ត​មាន​ព្រះ​សង្ឃ​៤៥​អង្គ ក្នុង​នោះ ព្រះ​សង្ឃ​កំ​ពុង​រៀន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចំ​នួន​១០​អង្គ និង​ទៅ​រៀន​នៅ​បរ​ទេស​៤​អង្គ​។ ក្រៅ​ពី​នោះ នៅ​រដូវ​វិស្ស​ម​កាល​ម្ដង​ៗ ព្រះ​អង្គ​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ចាប់​ពី​ថ្នាក់​ទី​១​រហូត​ដល់​ថ្នាក់​ទី​៥ មាន​កូន​ចៅ​ខ្មែរ​មក​រៀន​សូត្រ​ជាង​៤០០​នាក់​។ ពេល​បញ្ចប់​វគ្គ​សិក្សា សិស្ស​ម្នាក់​ៗ​បាន​ព្រះ​ឧបជ្ឈាយ៍​ឧ​បត្ថម្ភសៀវ​ភៅ​សរ​សេរ​ពី​៥​ដល់​១០​ក្បាល​។ ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង មាន​ព្រះ​ថេរ​ដី​កា​៖ “អា​ត្មា​ភាព​ក្នុង​នាម​ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​ផង​និង​ជា​អនុ​ប្រ​ធាន​ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​ផង ម៉្លោះ​ហើយ​វត្ត​ត្រូវ​តែ​កសាង​សម​រម្យ​ជ្រះ​ស្អាត ព្រះ​សង្ឃ​បួស​រៀន​ត្រូវ​តែ​ប្រតិ​បត្តិ​តាម​ធម៌​វិ​ន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ ពី​ព្រោះ​អ្នក​បួស​តែង​បាន​ពុទ្ធ​បរិ​ស័ទ​គោ​រព​រាប់​អាន ហេតុ​នោះ​ត្រូវ​តែ​ធ្វើ​ជា​គំ​រូ​”។ ក្រៅ​ពី​នោះ ព្រះ​ឧបជ្ឈាយ៍​ថែម​ទាំង​ស​កម្ម​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​មា​គ៌ារបស់​បក្ស​គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ដល់​ពុទ្ធ​បរិ​ស័ទ ព្រម​ទាំង​ចល​នា​ពុទ្ធ​បរិ​ស័ទ​ខិត​ខំ​ធ្វើ​ការ​រក​ទទួល​ទាន​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ក​សាង​ជន​បទ​ថ្មី​។ ទន្ទឹម​នឹង​នោះ ព្រះ​ឧបជ្ឈាយ៍​ចូល​រួម​កិច្ច​ការ​សង្គម សប្បុ​រស​ធម៌ ដូច​ជា​៖ ចែក​ជូន​អង្ករ​ដល់​គ្រួ​សារ​ក្រី​ក្រ​ឧប​ត្ថម្ភ​មនុស្ស​ចាស់​គ្មាន​ទី​ពឹង និង​ឧបត្ថម្ភសិស្ស​ក្រី​ក្រ​ជា​ដើម​។ បង​ថាច់​យឿន ជា​ពុទ្ធ​ប​រិ​ស័ទ​ចំ​ណុះ​ជើង​វត្ត ​ឲ្យ​ដឹង​៖ “ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង មាន​ទឹក​ព្រះ​ទ័យ​សន្ដោស​មេ​ត្តា ហេតុ​នោះ​ពុទ្ធ​បរិ​ស័ទ​អ្នក​ណា​ក៏​គោ​រព​រាប់​អាន​។ រៀង​រាល់​ថ្ងៃ​ព្រះ​ឧបជ្ឈាយ៍​បង្ក​លក្ខណៈ​ឲ្យ​ខ្ញុំ​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​វត្ត​។ បច្ចុ​ប្បន្ន កូន​ស្រី​ខ្ញុំ​កំ​ពុង​រៀន​នៅ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ បាន​ព្រះ​ឧបជ្ឈាយ៍​ឧបត្ថម្ភ​៥០០​.០០០​ដុង​/​ខែ​។ ទឹក​ព្រះ​ទ័យ​របស់​ព្រះ​ឧបជ្ឈាយ៍​គ្រួ​សារ​ខ្ញុំ​តែង​ចង​ចាំ​ជា​និច្ច​”​។

ច្រើន​ឆ្នាំ​កន្លង ជា​មួយ​នឹង​ទង្វើ​ដ៏​ប្រ​ពៃ​ប្រ​កប​ដោយ​អត្ថ​ន័យ ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង បាន​ពុទ្ធ​បរិ​ស័ទ​គោរព​រាប់​អាន​និង​ទទួល​បាន​ប័ណ្ណ​សរ​សើរ  មេ​ដាយ​អនុ​ស្សាវ​រីយ៍​ជា​ច្រើន​ពី​ព្រោះ​បុព្វ​ហេតុ​ម​ហា​សាម​គ្គី​ជន​ជាតិ​៕

                                      យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ