វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

31/10/2017 - 16:57

អត្ថ​ន័យ​នៃ​ពិ​ធី​អក​អំ​បុកឬ​​ថ្វាយ​ព្រះ​ច័ន្ទ

បុណ្យ​អក​អំ​បុកឬ​ថ្វាយ​ព្រះ​ច័ន្ទ ជា​បុណ្យ​ប្រ​ពៃ​ណី​ធំ​មួយ​ក្នុង​បណ្តា​បុណ្យ​ទាំង​បី​ប្រ​ចាំ​ឆ្នាំ​របស់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​នោះ​មាន​បុណ្យ​សែន​ដូន​តា​ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដេីម​។ បុណ្យ​នេះ បាន​​​ប្រា​រព្ធ​ឡើង​នៅ​វេ​លា​យប់​ថ្ងៃ​ពេញ​បូណ៌​មី ខែ​កត្តិក ជា​រៀង​រាល់​ឆ្នាំ​។

បុណ្យ​នេះ​ប្រា​រព្ធ​ឡេី​ង​ក្នង​អត្ថ​ន័យពីរ​យ៉ាង​៖

ទី​១៖​ តាម​ទស្សនៈ​របស់​បុរា​ណា​ចារ្យ​ខ្មែរ ព្រះ​ច័ន្ទ​ជា​ម្ចាស់​ឬ​ជា​តំ​ណាង​ធាតុ​ទឹក​និង​ធាតុ​ដី គ្រប់​គ្រង​រដូវ​ផល​ក្នុង​ឆ្នាំ ម៉្លោះ​ហើយ​បណ្តា​ដំណាំ​ទាំង​ឡាយ​មាន​ដូច ស្រូវ​ ចេក​ អំ​ពៅ ដំ​ឡូង ដូង ត្រាវ រុន​ ម្នាស់​ ក្រូច​ ។ល។ សុទ្ធ​តែ​ជា​ផល​ដំ​ណាំ ដែល​ប្រ​ជា​កសិ​ករ​ខ្មែរ​បាន​ដាំ​ដុះ​លើ​ទឹក​និង​ដី​េនះ ហេតុ​នេះ​ហើយ​នៅ​ពេល​ចុង​រដូវ​កាល​ផលិត​គេ​ត្រូវ​តែ​យក​កសិ​ផល​នៃ​ដំ​ណាំ​​ទាំង​នោះទៅ​សែន​ថ្វាយ​ដល់​ព្រះ​ច័ន្ទ ដើម្បី​ជា​កិច្ច​តប​ស្នង​សង​គុណ​។

ទី២​៖ តាម​ទ្រឹស្តី​ពុទ្ធ​សាស​នា​បាន​ពោល​ថា ពិ​ធី​ថ្វាយ​ព្រះ​ច័ន្ទ​ឬ​អក​អំ​បុក មាន​កំ​ណើត​ផ្តើម​ពី​រឿង​រ៉ាវ​មួយ​នៃ​ព្រះ​ពោធិ​សត្វ​យោង​យក​កំ​ណើត​ជា​សត្វ​ទន្សាយ ឈ្មោះ​សោ​មបណ្ឌិត កំ​ពុង​បំ​ពេញ​ទាន​បរ​មត្ថ​បរ​មី ចង់​បរិច្ចាគ​ជី​វិត​។ ខណៈ​នោះ ព្រះ​ឥន្ទ្រា​ធិ​រាជ​បាន​និម្មិត​ខ្លួន​ជា​ឥន្ទ​ព្រាហ្មណ៍​ចាស់​ម្នាក់ ខ្លួន​ស្គាំង​ស្គម អត់​អា​ហារ​ដើរ​ចូល​មក​ជិត​ទន្សាយ រួច​ត្អូញ​ត្អែរ​ប្រាប់​ទន្សាយ​ថា​ខ្លួន​ឃ្លាន​ណាស់ ចង់​បរិ​ភោគ​សាច់​ទន្សាយ​ទន្សាយ​ក៏​ជ្រះ​ថ្លា​ប្រាប់​ទៅ​ឥន្ទ​ព្រាហ្មណ៍​​ថា ចូល​ទៅ​រក​ឧស​យក​មក​បង្កាត់​ភ្លើង​ចុះ។ ទន្សាយ​សោម​បណ្ឌិត​បាន​រលាស់​ខ្លួន​៣​ដង ដើម្បី​ឱ្យ​សត្វ​ល្អិត​ជ្រុះ​ចេញ​ពី​រោម​របស់​ព្រះ​អង្គ រួច​ក៏​លោត​ចូល​ក្នុង​ភ្នក់​ភ្លើង ដែល​កំ​ពុង​ឆេះ​សន្ធោស​ន្ធៅ​ដើម្បី​ចម្អិន​សាច់​ព្រះ​អង្គ​ឱ្យ​ដល់​ឥន្ទ​ព្រាហ្មណ៍​បរិ​ភោគ ព្រះ​ឥន្ទ​ក៏​ជ្រះ​ថ្លា​ក្នុង​ការ​ដែល​ទន្សាយ​ស៊ូ​ប្តូរ​ជី​វិត​ក្នុង​ទាន​បរ​មត្ថ​បារ​មី​នោះ ភ្លើង​ដែល​ព្រះ​ឥន្ទ​និម្មិត​នោះ​ក៏​រលត់ ព្រះ​ឥន្ទ​ក៏​គោ​រព​នមស្ស​​ការ ហើយ​​បាន​​ឈោង​ទៅ​យក​ថ្មម​នោ​សិ​លា ចារ​ជា​រូប​ទន្សាយ​នៅ​លេ​ីផៃ្ទ​ព្រះ​ច័ន្ទ ហើយ​ប្រតិ​ស្ថាន​ឲ្យ​តាំង​នៅ​ជា​ដរាប​ដល់​អស់​ភទ្ទ​កប្ប​នេះ​ ។

រី​ឯសម្ភារ​សម្រាប់​រៀប​ចំ​តុប​តែង និង​គ្រឿង​សក្ការៈ​មាន​ដូច ៖ យក​ឈើ ឬ ប្ញស្សី​៣​ដើម​ពីរ​ដើម​ដោត​សង​ខាង​តុ​ឬ​​គ្រែ​ធ្វើ​ជា​សរ​សរ​បង្គោល​មួយ​ដើម​ចង​ទទឹង​ភ្ជាប់​ទៅ​នឹង​សរ​សរ​បង្គោល​​ទាំង​ពីរ​នោះ; យក​ធាង​ចេក​ពីរ​ធាង​ចៀរ​ស្លឹក​ចេញ​ទុក​តែ​ចុង​ធាង ចិត​គល់​ធាង​បត់ ធ្វើ​ក្បាល​សេះ រួច​យក​ទៅ​ចង​ព្យួរ​នៅ​នឹង​ឈើ​ទទឹង​នោះ​ម្ខាង​មួយ; យក​ម្លូរ​២៤​ស្លឹក រ​មូរ​ចង ជា​ពីរ​ខ្សែ ក្នុង​មួយ​ខ្សែ​ៗ​មាន​១២​រមូ​រួច​យក​ទៅ​ចង​បន្តោក​ចុះ​នៅ​នឹង​ឈើ​ទទឹង​នោះ ម្ខាង​មួយ​ខ្សែ ; ផ្លែ​ស្លា​៧​ផ្លែ ចិត​សំ​បក​ម្ខាង​បន្តិច​ធ្វើ​ជា​ស្លាប​កន្លង់​រួច​ចង​ជា​ខ្សែ ចង​បន្តោក​នៅ​នឹង​ឈើ​ទ​ទឹង​នោះ និង​ទៀន​៣​ដើម ទៅ​បិត​នៅ​លើ​ឈើ​ទទឹង​នោះ​ត្រង់​ចំ​កណ្តាល​។ គេ​យក​តុ ឬ គ្រែ​មក​រៀប​តម្កល់​គ្រឿង​ដង្វាយ​មាន​ដូច​៖ អំ​បុក ចេក ដូង ដំឡូង ត្រាវ រុន អំ​ពៅ និង​ផ្លែ​ឈើ​ផ្សេង​ៗ ជា​ផល្លា​នុផល​ដែល​គេ​បាន​ដាំ​ដុះ​លើ​ផែន​ដី និង​ទៀន ធូប ភ្ញី​ផ្កា​។ លុះ​ព្រះ​ច័ន្ទ​រះ​ពេញ​វង់​បញ្ចេញ​កាំ​រស្មី​ភ្លឺ​ស្រ​ឡះ​ហើយ​ព្រឹទ្ធា​ចារ្យ​ក្នុង​គ្រួ​សារ​ក៏​កោះ​ហៅ​កូន​ចៅ​ទាំង​អស់​គ្នា ក្នុង​គ្រួ​សារ​ចូល​មក​អុជ​ទៀន ធូប ជា​ប្រ​ទីប​ជ្វា​លា​ថ្វាយ​ព្រះ​ច័ន្ទ​មាន​បួង​សួង​សូម​ឲ្យ​បាន​សេច​ក្តី​សុខ​ចម្រើន​គ្រប់​ប្រ​ការ ដំ​ណាំ​ដាំ​ដុះ ស្រែ​ចម្ការ​ក្នុង​ឆ្នាំ​ថ្មី​ឲ្យ​បាន​កើត​កាល​វាល​គុម្ព​។ លុះ​រួច​ពី​ពិ​ធី​ថ្វាយ​ព្រះ​ច័ន្ទ ចប់​សព្វ​គ្រប់​ហើយ ព្រឹទ្ធា​ចារ្យ​ក៏​ក្រោក​ឡើង​ឈរ​ចាប់​យក​អំ​បុក ចេក ដូង ដំឡូង​ត្រាវ ។ល។ មួយ​មុខ​បន្តិច​ៗ​ដាក់​ក្នុង​ទូក​ដៃ រួច​ហៅ​ក្មេង​មក​បង្អក​ចូល​ក្នុង​មាត់​វា ព្រម​ទាំង​យក​ដៃ​ម្ខាង​គក់​ខ្នង​បន្តិច​ៗ ហើយ​សួរ​ថា​ចៅ​ចង់​បាន​អ្វី​? កាល​ណា​ក្មេង​ឆ្លើយ​រួច ព្រឹទ្ធា​ចារ្យ​ត្រូវ​ពន្យល់​ឬ​ប្រាប់​ថាៈ​បើ​ចៅ​ចង់​បាន​ដូច្នោះ ចូរ​ចៅ​ខិត​ខំ​ប្រឹង​ប្រែង​ចៅ នឹង​បាន​សម្រេច​ដូច​បំ​ណង​ប្រាថ្នា​ពុំ​ខាន​ឡើយ​។

ផ្តើម​ពី​អត្ថ​ន័យ​ដូច​បាន​ពោល​ខាង​លើ ជា​រៀង​រាល់​ឆ្នាំ ជន​រួម​ជាតិ​ខ្មែរ​តែង​រៀប​ចំ​ពិ​ធី​ថ្វាយ​ព្រះ​ច័ន្ទ​បណ្តែត​ប្រ​ទីប បង្ហោះ​គោម ពិ​ធី​ប្រ​ណាំង​ទូក​-ង ក្នុង​គោល​បំ​ណង​សម្តែង​នូវកាយ​វា​ចា ចិត្ត​ចំ​ពោះ​ព្រះ​ច័ន្ទ​ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​យើង​ទាំង​អស់​គ្នា​បាន​ដាំ​ដុះ ភ្ជួរ​រាស់ កាប់​គាស់ ជីក​ក​កាយ​នៅ​លើ​ទឹក​ដី​នេះ និង​សូម​ព្រះ​ច័ន្ទ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី លោះ​លា​ត្រាប្រ​ណី អភ័យ​នូវ​ទោ​សា​នុ​ទោស​ដើម្បី​សេចក្តី​សុខ​ចម្រើន​ដល់​យើង​ទាំង​អស់​គ្នា​៕

                 អត្ថ​បទ​និង​រូប​ថតៈ​ វិ​ភា

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បុណ្យ​សែន​ដូន​តា