សុខភាព សុខភាព

26/12/2017 - 09:27

អស់​ពី​ចិត្ត​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន

គ្រូ​ពេទ្យ​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ សព្វ​ថ្ងៃ​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ។ បង​ប្រ​កប​របរ​ជា​គ្រូ​ពេទ្យ​ជាង​១០​ឆ្នាំ ហើយ​តែង​ស​កម្ម​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ផ្សព្វ​ផ្សាយ​ពី​របៀប​បង្ការ​បង្ក្រាប​រោគ​រាល​ដាល ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង​ជូន​ប្រ​ជា​ជន​។

គ្រូ​ពេទ្យ​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍​កំ​ពុង​ពិ​និត្យ​ជំ​ងឺ​។

ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សា​រក​សិ​ករ​មួយ​នៅ​ភូមិ​ព្រែក​និ​ស្ស័យ​ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង ហើយ​មាន​ភាព​ឆ្លៀវ​ឆ្លាត ព្រម​ទាំង​សង្វាត​រៀន​សូត្រ​តាំង​ពី​តូច​។ កាល​ឆ្នាំ​២០០៤ ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ បាន​ប្រ​ឡង​បញ្ចប់​វិ​ទ្យា​ល័យ រួច​បាន​ជ្រើស​តាំង​ទៅ​រៀន​ផ្នែក​គ្រូ​ពេទ្យ​ព​ហុ​វិជ្ជា នៅ​ក្រុង​កឹង​ធើ។ លុះ​ដល់​ឆ្នាំ​២០០៧  បាន​ប្រ​ឡង​បញ្ចប់​វគ្គ​សិក្សា  រួច​បាន​ទទួល​ចូល​បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​លឿង​ហ្វារ​ហូត​ដល់​សព្វ​ថ្ងៃ​។

លឿង​ហ្វា គឺ​ជា​ឃុំ​ក្រី​ក្រ ស្ថិត​ក្នុង​កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល ម្ល៉ោះ​ហើយ ប្រ​ជា​ជ​ន​នៅ​ទី​នេះ តែង​បាន​ពិ​និត្យ​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។  រៀង​រាល់​ថ្ងៃ គ្រូ​ពេទ្យ​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ រួម​ជា​មួយ​នឹង​វេជ្ជ​បណ្ឌិត​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល ពិ​និត្យ​ជំ​ងឺ​ផ្ដល់​ឱ​សថ​ជូន​អ្នក​ជំ​ងឺ ប្រ​មាណ​ពី​៤០​ដល់​៥០​លើក​នាក់​។ ក្រៅ​ពី​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ បង​ថែម​ទាំង​ទទួល​ភារ​កិច្ច​ចាក់​វ៉ាក់​សាំង​ទូ​ទៅ​។ ពេល​ចាក់​វ៉ាក់​សាំង ម្តង​ៗ បង​និង​គិ​លា​នុប្ប​ដ្ឋាក​តែង​ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន ដើម្បី​ចាក់​វ៉ាក់​សាំង​ឲ្យ​កុ​មារ​ផង និង​ផ្សព្វ​ផ្សាយ​ពី​ផល​ប្រ​យោជន៍​នៃ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ផង ដើម្បី​ប្រ​ជា​ជន​បាន​ជ្រួត​ជ្រាប​។  ផ្តើ​ម​ពី​នោះ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ពីការ​ចាក់​វ៉ាក់​សាំង​បង្ការ​បាន​កើន​ឡើង​។ បង​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍  ឲ្យ​ដឹង​៖ “ឥ​ឡូវ​ប្រ​ជា​ជន​មាន​ស្មា​រតី យល់​ដឹង​ច្រើន​ឲ្យ​តែ​ដល់​ថ្ងៃ​ចាក់​វ៉ាក់​សាំង​បង្ការ​ឲ្យ​កុ​មារ ពួក​គាត់​តែង​នាំ​កូន​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ដោយ​ខ្លួន​ឯង ដើម្បី​ចាក់​វ៉ាក់​សាំង បើ​ដល់​ថ្ងៃ​កំ​ណត់​ចាក់​វ៉ាក់​សាំង តែ​ចំ​នឹង​ថ្ងៃ​ឈប់​សម្រាក​ ប្រ​​ជា​ជន​តែង​ទូរ​ស័ព្ទ​មក​ដំ​ណាក់​សាក​សួរ រួច​នាំ​កូន​ចៅ​មក​ចាក់​វ៉ាក់​សាំង​បង្ការ​បាន​គ្រប់​គ្រាន់​”។

អ្នក​មីង​ថាច់​ធី​ណាង​ អា​យុ​៦៣​ឆ្នាំ នៅ​ភូមិ​បត់​ចេក​និង​បង​ស្រី​ថាច់​ធី​ធី នៅ​ភូមិ​បា​ស្រែ ឃុំ​លឿង​ហ្វា មក​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ជា​រឿយ​ៗ ឲ្យ​ដឹង​៖ “ខ្ញុំ​ច្រើន​តែ​ឈឺ​ថ្កាត់​នៅ​ពេល​មិន​ស្រួល​ខ្លួន​ម្តង​ៗ គឺ​ឲ្យ​កូន​ឌុប​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​​លឿង​ហ្វា​ពិ​និត្យ​ជំ​ងឺ​ភ្លាម​។ គ្រូ​ពេទ្យ​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ តែង​ពិ​និត្យ​ជំ​ងឺ​និង​ណែ​នាំ​អស់​ពី​ចិត្ត​ដោយ​ភា​សា​ខ្មែរ​ដល់​យើង​ខ្ញុំ ម្ល៉ោះ​ហើយ​តែង​បាន​មា​មីង​គោ​រព​រាប់​អាន​”។

លោក​តូ​វុា​ំ​ង​ផាង ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​លឿង​ហ្វា ឲ្យ​ដឹង​៖ “គ្រូ​ពេទ្យ​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ គឺ​ជា​សម្ព័ន្ធ​យុវ​ជន​រវៀស​រ​វៃ តែង​បង្ហាញ​ពី​ស្មារ​តី​ទទួល​បន្ទុក​ខ្ពស់​ក្នុង​ការ​ងារ ខិត​ខំ​ឆ្លង​កាត់​លំ​បាក​ដើម្បី​រៀន​សូត្រ និង​សន្សំ​បទ​ពិ​សោធន៍​លើក​កម្ពស់​មុខ​ជំ​នាញ​។ អ្នក​ជំ​ងឺ​ជា​ជន​រួម​ជាតិ​ខ្មែរ​មក​ពិ​និត្យ​ជំ​ងឺ ភាគ​ច្រើន​មិន​សូវ​យល់​ពី​ភា​សា​វៀត ហេតុ​នោះ​វា​លំ​បាក​ដល់​គ្រូ​ពេទ្យ​ក្នុង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​។ ពេល​ជួប​ករណី​នេះ គ្រូ​ពេទ្យ​ថាច់​សិ​រី​សុ​ខា​វឌ្ឍន៍ គឺ​ជា​អ្នក​ទទួល​ភារៈ​បក​ប្រែ​ភា​សា ដើម្បី​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​អាច​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​បាន​ល្អ​ជាង​”៕​

               សឺន​ម៉ា​ល័យ-​វិ​មាន 

 

ចែករំលែកអត្ថបទ